Monday, November 26, 2012

ឧកញ៉ាសុត្តន្តប្រីជា ​ ឥន្ទ


ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ​កើត​នៅ​ថ្ងៃចន្ទ ខែ​អាសាធ ឆ្នាំវក ពុទ្ធសករាជ​ ២៤០៣ ត្រូវនឹងថ្ងៃទី ២២ កក្កដា ឆ្នាំ១៨៥៩ នាភូមិរការ​កោង ខេត្ត​មុខកំពូល មាតា​ឈ្មោះ យាយ​មុំ បិតា​ឈ្មោះ បញ្ចងកែ។ អាយុ ១០​ឆ្នាំ ទៅនៅ​វត្ត​សិក្សា​អក្សរ​ខ្មែរ អាយុ ១៥​ឆ្នាំ ចេញ​រៀន​ប្រែ​ព្រះបរិយត្តិ បួស​ជា​សាមណេរ​នៅវត្ត​ព្រែក​ពោធិ៍។ បួស​បាន ១វស្សា សឹក​​ចាក​ភេទ​ពី​សាមណេរ រួច​ទៅរៀន​នឹង​លោក​ព្រះ​អាចារ្យពេជ្រ នាស្រុកព្រះ​ត្រពាំង។ អាយុ ១៨​ឆ្នាំ បន្តទៅ​រៀន​ជាមួយ​លោក​គ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លុះអាយុ ១៩ឆ្នាំ ទៅ​រៀន​នឹង​លោក​គ្រូ​អាចារ្យសុខ វត្តកែវ ស្រុកបាត់ដំបង។ អាយុបាន ២០ឆ្នាំ ​បួស​ជា​ភិក្ខុ​នៅ​វត្តកែវ បានមួយ​វស្សា លា​ព្រះគ្រូ​ឧបជ្ឈាយ៍ទៅ​រៀន​នៅទីក្រុងបាងកក ប្រទេសសៀម។ បាន៧ឆ្នាំក៏​វិល​មក​ស្រុក​ខ្មែរ​វិញ ​ក្នុងអំណាចលោកព្រះយ៉ា កៈថាថន ញ៉ុញ នៅ​វត្តកណ្តាល ស្រុកបាត់ដំបង ប្រមាណជា ១០​វស្សា លា​ចាក​សិក្ខា​បទ​មក​ មាន ភរិយា​បុត្រនៅ​ភូមិ​ជ្វា​ធំ។ លោ​កកៈថាថន ឈុំ ឱ្យងារជាទី​ហ្លួងវិចិត្រវោហារ ហើយបាន​តែង​​ ​ប្រែ​បាលី​ជា​សម្រាយ​មាន​ឈ្មោះ ៤៤ ឈ្មោះជា​សៀវភៅ​ខ្លះ ចារ​ស្លឹករឹត​ខ្លះ ។
លុះ​អាយុ​បាន ៥៥​ ឆ្នាំ រាជការ​ក្រុង​ភ្នំពេញ ឲ្យ​យក​មក​តាំង​ជា​ទី ឧកញ៉ាសុត្តន្តប្រីជា ប្រោស​ឲ្យ​ជួយ​តែង​សព្វវចនាធិប្បាយ​ខ្មែរ នៅ​ទី​សាលា​បាលី ក្នុង​រវាង​អាយុ ៥៥​ឆ្នាំ ដល់អាយុ ៦៥​ឆ្នាំ បាន​លា​រាជការ វិល​មក​នៅ​ស្រុក​បាត់ដំបង​វិញ ។ នៅ​ថ្ងៃ ១០​ កើតខែអស្សុជ ឆ្នាំជូតឆស័ក មាន​រោគ​ក្អក អស់បណ្ដាកូនចៅ​ នាំ​គ្នាខិតខំព្យាបាល ក៏​ពុំ​បាន​ធូរ​ឡើយឡើយ, លុះ​ដល់​ថ្ងៃ អាទិត្យ ១២​កើត ខែកត្តិក ឆ្នាំជូត ឆស័ក លោកក៏​ទទួល​អនិច្ចកម្ម​នៅ​វេលា​ម៉ោង ៨​ព្រឹក ​ថ្ងៃ ៨ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ។
ស្នាដៃ​របស់​លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ មាន​ច្រើន​​ដូច​ជាៈ គតិលោក ​១០​ខ្សែ, និរាស​នគរវត្ត, រឿង​អំបែងបែក, បឋម​សម្ពោធ, លោ​ក​នីតិបករណ៍, សុភាសិត​ច្បាប់​ស្រី, ក្បួន​មេកាព្យ ។ល។ នៅ​ចុង​សតវត្ស​ទី ១៩ និង​នៅ​ដើម​សតវត្ស​ទី ២០ ប្រជារាស្ត្រ​នៅបាត់ដំបង ស្គាល់​លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ នេះ​ណាស់ ។ គ្រប់​គ្នា​ហៅ​គាត់ ​ថា អាចារ្យ​ឥន្ទៗ ។ អ្នក​បាត់ដំបង​ទាំង​អស់​ សុទ្ធ​តែ​សរសើរ​ស្នាដៃ និង​សំនួនវោហារ​របស់​គាត់​គ្រប់​គ្នា ។ នៅ​ពេល​ដែល​ខ្មែរ​យើង​មិន​ទាន់​មាន​សៀវភៅបោះពុម្ព អ្នក​បាត់ដំបង​នាំ​គ្នា​ខ្ចី​សៀវភៅដែល​ជា​ស្នាដៃ​របស់​គាត់​ យក​មក​ចម្លង​ទុក​ចែក​គ្នា​អាន​បន្ត​ពី​មួយ​ទៅ​មួយ ហើយ​មា​ន​អ្នក​ខ្លះ​ន្ទេញកំណាព្យគាត់​ទាំង​ទំព័រ​ៗចាំ​រត់​មាត់ ។ លោក​ឧកញ៉ាសុត្តន្តប្រីជា​ ឥន្ទ ជា​កិត្តិយស​ធំ​ណាស់​សម្រាប់ខេត្តបាត់ដំបង នៅ​សម័យដែល​ខេត្ត​នេះ​នៅ​ក្រោម​អំណាច​សៀម​អស់​ពេលជាង ​ មួយ​សត​វត្ស ។ គាត់​ជា​ភស្តុ​តាង​រស់​បញ្ជាក់​ថា​ សៀម​អាច​ជ្រៀត​ជ្រែក​បាន ​តែ​ក្នុង​វិស័យ​ រដ្ឋបាល​ប៉ុណ្ណោះ តែ​មិន​អាច​ជ្រៀត​ជ្រែក​ចូល​ក្នុង​ផ្នត់​គំនិត ​ខ្មែរ​នៅ​បាត់ដំបង​ ដែល​ជា​ខ្មែរ​នោះ​ទេ ។
គួរ​រំឭកទៀត​ដែរ​ថាលោក​ តង់ដារ ដែល​ជា​បេសក​សង្ឃ​កាតូលិក ដែល​មក​តាំង​នៅបាត់ដំបង ពី​ឆ្នាំ ១៩០១ ដល់ ១៩០៤ ក៏​បាន​យក​ចិត្ត​ទុក​ ដាក់​និង​អក្សរសាស្ត្រ​ខ្មែរ​​ណាស់​ដែរ។ លោក​បាន​ទៅ​ប្រឹក្សា​រៀន​សូត្រ​ជា ​មួយលោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ហើយ​បាន​ចង​ក្រង ​វចនានុក្រម​ខ្មែរ-បារាំង មួយ​មានឈ្មោះថា វចនានុក្រម​តង់ដារ ដែល​ជា​ស្នាដៃ​ដ៏​សំខាន់​មួយ​ពិបាក​រក​ជា​ទី​បំផុត ។ ដូច្នេះ លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ក៏​បាន​ចូលរួម​ក្នុង​ការ​ចង ក្រង​វចនានុក្រម​នេះ​ដែរ ។

យោងឯកសាររបស់លោក តូច ឈួន បោះពុម្ពគ្រាទី ២ ឆ្នាំ ១៩៩៤ សម្រួលអត្ថបទឡើងវិញថ្ងៃ ១២ តុលា ២០១២, រ័ត្នន៍ សេនា។


1 comment:

  1. អរគុណណាស់សម្រាប់ការចែករំលែក!

    ReplyDelete