Friday, November 23, 2012

សម្តេចព្រះមហាសង្ឃរាជ និល ទៀង




(ដកស្រង់ចេញពីសៀវភៅព្រះរាជជីវប្រវត្តិសម្តេចព្រះសង្ឃរាជ)

សម្តេចព្រះមហាសង្ឃរាជ និល ទៀង
(មហាសង្ឃរាជដែលកាន់តំណែងក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរ ៣អង្គ)

ព្រះអង្គទ្រង់ប្រសូតិនៅថ្ងៃសៅរ៍  ៧​កើត ខែអាសាធ ឆ្នាំវក ឆស័ក ព.ស​​២៣៦៨​គ.ស ១៨២៤ ក្នុងស្រុកពោធិព្រះបាទ ខេត្តកៀនស្វាយ(ស្រុកកៀនស្វាយ ខេត្តកណ្តាល​បច្ចុប្បន្ន) ។ បិតានាម និល មាតានាមឡឹក ព្រះអង្គជាបុត្រច្បង។

ក្នុងឆ្នាំ ១៨៣១ កាលនោះកុមារ ទៀង ទើបតែអាយុបានឆ្នាំ ទ័ពយួន និងសៀមបានពើបប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ក៏ត្រូវបានពួកសៀមយកទៅធ្វើជាទាសាទាសី។ កុមារទៀងនិងជីដូន ​ត្រូវគេបញ្ជូនអោយទៅរស់​នៅឯទីក្រុងបាងកក។ នៅទីនោះកុមារទៀងបានជួបនឹងមាម្នាក់ឈ្មោះ ពៅ ជាអាមាត្យរបស់​ព្រះបាទសម្តេចព្រះអង្គឌួង កាលព្រះអង្គនៅជាព្រះអង្គម្ចាស់ ហើយសៀមកេណ្ឌកៀរយកទៅ​ធ្វើជាឈ្លើយដែរ។  ចំណែកគ្រូសារសម្តេចមួយផ្នែកទៀត ត្រូវសៀមបញ្ជូនទុកអោយរស់នៅស្រុក​មង្គលបុរី ក្នុងខេត្ត​បាត់ដំបង។

ព្រះអង្គមានព្រះជន្មាយុបាន ១១ឆ្នាំ ក្នុងឆ្នាំ មមី ឆស័ក ព.ស២៣៧៨ គ.ស ១៨៣៤ បានបំពេញផ្នួសជាសាមណេរ នាវត្តមួយនៅទីក្រុងបាងកក។  ព្រះជន្មាយុបាន ២១វស្សា ក្នុងឆ្នាំរោង ព.ស ២៣៨៨គ.ស ១៨៤៤ សម្តេចព្រះណាំក្លាវ ព្រះចៅក្រុងសៀមទ្រង់ព្រះរាជានុញ្ញាតឲ្យសាមណេរទៀង ចូលបំពេញឧបសម្បទាក្នុងនាគខ្នានព្រះ
រាជ​​ទ្រព្យនៅវត្ត​ព្រះស្តីរតនសាស្តារាម គឺវត្តព្រះកែវមរកត ក្រុងបាងកក។  ព្រះជន្មាយុបាន  ២៦វស្សា  ក្នុងឆ្នាំងរកាឯកស័ក  ព.ស  ២៣៩៣
គ.ស ១៨២៩ ព្រះអង្គបាននិមន្តចូលថ្វាយព្រះពរលាសម្តេចព្រះណាំក្លាវ ត្រឡប់មកប្រទេសកម្ពុជាវិញ ។ លុះមកដល់ប្រទេសកម្ពុជាហើយ  ព្រះបាទហិររក្សរាមាឥស្សរា​ធិបតីព្រះអង្គឌួង ទ្រង់សូមនិមន្តអោយគង់នៅប្រទេសកម្ពុជា ហើយទ្រង់បានធ្វើព្រះរាជសារថ្វាយសម្តេចព្រះ ណាំ ក្លាវ។

ព្រះជន្មាយុបាន ៣៤ វស្សាក្នុង ឆ្នាំម្សាញ់ នពស័ក ព .ស ២៤០១គ.ស ១៨៧៥ ព្រះបាទ​សម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ទ្រង់បានលើកព្រះព្រហ្មមុនី និល ទៀង ឱ្យគ្រង​ទីជាសម្តេចព្រះក្រុងកម្ពុជា។ លុះរំលងពីនោះមកបានមួយឆ្នាំ ព.ស​២៤០ គ.ស ១៨៤៨ ព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះ អង្គ ឌួង បានតែងតាំងលោកជា សម្តេចព្រះមហាសង្ឃរាជ និល ទៀង ជាស្តេចសង្ឃពេញទី ហើយបានរៀបចំពិធីថ្វាយទឹកក្លស់ទឹកស័ង្ខ នៅក្រុងឧត្តង្គមានជ័យ មាន​គោរម្យងារជា «​​ សម្តេចព្រះមហាសង្ឃរាជាគណធិបតីសិរីបរមបពិត្រ ជាសង្ឃ​នាយកតិលកលោកាចរិយោត្តមបរមមេធសង្ឃជេដ្ឋាមហាសង្ឃរាជាធម្មិក វរោត្តមបរមបពិត្រ គណសង្ឃក្នុងក្រុងកម្ពុជាជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យឧត្តមរាជបនិជាមហាមគ្គនាយក»​ សម្រេចកិច្ចអស់​​ទ្រ​ទ្រង់​សង្ឃព្រះរាជាគណះទាំង ៤សម្រាប់។

រជ្ជកាលស្ដេច ៣អង្គ ដែលសម្តេចព្រះមហាព្រះសង្ឃរាជ និល ទៀង ព្រះអង្គកាន់តំណែងជាមហាសង្ឃរាជមាន៖
 - ព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះ អង្គឌួង
- ព្រះបាទសម្តេចព្រះ នរោត្តម ព្រះចៅក្រុងកម្ពុជាធិបតី
- ព្រះបាទសម្តេចបានព្រះស៊ីសុវត្តិ ព្រះចៅក្រុងកម្ពុជាធិបតី។

ព្រះជន្មាយុបាន៩០វស្សាគត់ នៅក្នុងឆ្នាំឆ្លូវ ព្រះអង្គទ្រង់សោយទីវង្គត​នៅថ្ងៃព្រហ ស្បត្តិ៍ ២កើតខែអស្សុជ ឆ្នាំ​ឆ្លូវ បញ្ចស័ក ព.ស ២៤៥៧ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស ១៩១៣ វេលា​ម៉ោង ១២ និង ៤០នាទីអាធ្រាត្រ ដោយព្រះរោគជរាពាធ នៅព្រះរាជតំណាក់វត្តឧណ្ណាលោមក្រុងភ្នំពេញ។
អត្ថបទធ្វើនៅថ្ងៃទី ០៥ វិច្ឆិកា ២០១២
(សម្រង់ចេញពីសៀវភៅព្រះរាជជីវប្រវត្តិសម្តេចព្រះសង្ឃរាជ)


No comments:

Post a Comment