Thursday, November 22, 2012

លោក ញ៉ុក ថែម

       

លោក ញ៉ុក ថែម  កើតនៅថ្ងៃទី  ២២  មិថុនា ឆ្នាំ ១៩០៣ នៅឃុំ
ស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។
បិតាឈ្មោះ ញុំ  និងមាតាឈ្មោះ ហៀក ជាកសិករនៅភូមិអូតាគី
ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។
ពីកុមារភាពក្នុងឆ្នាំ ១៩១៣ លោកបានទៅរៀននៅវត្តពោធិ៍វាល
ស្រុកសង្កែ   ខេត្តបាត់ដំបង។   លោកបានសិក្សាអក្សរជាតិក្នុងសំណាក់
លោកគ្រូអាចារ្យសន  ហើយបានសិក្សាធម៌វិន័យ ក្នុងសំណាក់លោកគ្រូ
សូត្រ អ៊ីវ ទូច
ឆ្នាំ១៩១៨លោកបានបួសជាសាមណេរ និងបានសិក្សាធម៌វិន័យ
និងភាសាបាលីក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗទៀត  ក្នុងខេត្តបាត់
ដំបង។ឆ្នាំ១៩១៩​​ លោកបានទៅបន្តវិជ្ជា​នៅបាងកកប្រទេសថៃ។ លោក
បានជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ត្រី   នៅកំឡុងឆ្នាំ   ១៩២១  និងជាប់
សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុងឆ្នាំ  ១៩២៣។  នៅឆ្នាំ ១៩២៤  លោក
បានបំពេញឧបសម្បទាជាភិក្ខុ  ហើយក្នុងឆ្នាំដដែលនេះលោកបានជាប់ សញ្ញាប័ត្របរិយត្តិភាសាបាលី ទីមហា ៣ ប្រយោគ។   ពីរឆ្នាំក្រោយមក
គឺឆ្នាំ១៩២៦ លោកបានជាប់ទីមហា ៤ប្រយោគ ហើយ ២ ឆ្នាំតមកទៀត
(១៩២៨)ជាប់ទីមហា ៥ប្រយោគ និងជាទីបញ្ចប់លោកបានជាប់ទីមហា
៦ ប្រយោគនៅក្នុងឆ្នាំ   ១៩២៩។  លោកបានលាចាកសិក្ខាបទមកជាគ្រ
ហស្ថវិញនៅឆ្នាំ ១៩៣៦។
ពេលលោកទៅសិក្សានៅប្រទេសថៃ    លោកក៏បានធ្វើការនៅទី
នោះដែរ។   ជាគ្រូបង្រៀនភាសាបាលីនៅទីក្រុងបាងកក ពីឆ្នាំ   ១៩២៧
ដល់ឆ្នាំ ១៩៣០ ទើបត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញដោយចូលធ្វើជា សមាជិកគណៈកម្មការប្រែព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។  នៅ
ឆ្នាំ   ១៩៣៨   លោកធ្វើការនៅក្នុងព្រះរាជបណ្ណាល័យកម្ពុជា  មានមុខ
ងារជាអ្នកចាត់ចែងបោះពុម្ពផ្សាយនូវសៀវភៅផ្សេងៗ    និងទស្សនាវដ្ដី
កម្ពុជសុរិយា។   នៅឆ្នាំបន្ទាប់មក​  (១៩៣៩)   លោកបានធ្វើជាតំណាង
សម្ដេចព្រះ នរោត្ដម សុធារស   និងជាអធិបតីពុទ្ធសាសនបណ្ឌិត្យក្រុង
ភ្នំពេញ   ជាមួយតំណាងផ្សេងៗ​ទៀត  បានទៅរៀបចំកម្មវិធីសិក្សា និង
ពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យនៅក្រុងហ្លួងព្រះបាង និងក្រុងវៀងច័ន្ទ
នាប្រទេសលាវ ។    ឆ្នាំ​   ១៩៤២    លោកបានទៅសម្ពោធមន្ទីរសាសន
បណ្ឌិត្យខេត្ត​ឃ្លាំង   ប្រទេសវៀតណាមភាគខាងត្បូង  និងឆ្នាំ  ១៩៤៣
លោកជាតំណាងរៀបចំកម្មវិធីសិក្សា  សម្រាប់ពុទ្ធសាសនបណ្ឌិត្យ នៅ
ប៉ាក់សេប្រទេសលាវ។
លោក  ញ៉ុក ថែម បានធ្វើជាសាស្ត្រាចារ្យខ្មែរនៅថ្នាក់ទី៥ នៃសា
លាគរុវិជ្ជានៅឆ្នាំ១៩៤៥។ នៅឆ្នាំ ១៩៤៦ លោកធ្វើការនៅវិទ្យាស្ថានពុទ្ធ
សាសនបណ្ឌិត្យ និងជាសាស្ត្រាចារ្យនៅវិទ្យាល័យ​ស៊ីសុវត្ថិទៀតផង។ តែ
ក្នុងឆ្នាំ  ១៩៥០  លោកលាឈប់ពីសាសនបណ្ឌិត្យ   ចូលមកបម្រើ តែក្រ
សួង​សិក្សាធិការជាតិ ក្រោយពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិ មក
ជាសម្បត្តិជាតិ ហើយលោក​ធ្វើជាសាស្ត្រាចារ្យជាប់សន្យារហូតមក។ ប្រាំ
មួយឆ្នាំក្រោយមកនៅឆ្នាំ   ១៩៥៦  លោកសុំផ្លាស់ទៅធ្វើជាសាស្ត្រាចារ្យ
នៅវិទ្យាល័យមុនីវង្ស  នាក្រុងបាត់ដំបង ។  ឆ្នាំ  ១៩៥៨ លោកបានផ្លាស់
​ទៅធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ  នាក្រុងភ្នំពេញវិញ   ក្នុងឋានៈ
ជាសាស្ត្រាចារ្យផង  និងអ្នក​ស្រាវជ្រាវឯកសារអក្សរសាស្ត្រខ្មែរ  នៅវិទ្យា
ស្ថាននោះផង។ លោកជាសាស្ត្រាចារ្យខ្មែរនៅសាលា​ភូមិន្ទរដ្ឋបាល។
កាលលោកទៅសិក្សា  និងធ្វើការនៅប្រទេសថៃ  លោកបាននិពន្ធ
សៀវភៅ ជាភាសាថៃឬបាលីថៃ។ស្នាដៃទាំងនោះមានជាអាទិ៖ នមោកថា
នានាជាតក វណ្ណនា ធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត។



ក្រៅពីនេះ លោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖

- ពុទ្ធប្បវត្តិសង្ខេប
- អនុពុទ្ធប្បវត្តិ ភាគ ១-២
- ប្រជុំភាសិត ភាគ ១-២
- មហាវេស្សន្ដរជាតក
- ប្រជុំពុទ្ធភាសិត
- ជាតិសាសនាព្រះមហាក្សត្រ
- រឿងបិសាចស្នេហា (ប្រលោមលោកបោះពុម្ពឆ្នាំ ១៩៤២)
- រឿងកុលាបប៉ៃលិន (ប្រលោមលោកបោះពុម្ពក្នុង

   ឆ្នាំ១៩៣៦ ឬ១៩៤៣)
- ឯកសហរាត្រី (ភាគខ្លះ ប្រែ)
- ចូឡវេទល្លសូត្រ (ប្រែ)
- វិធីប្រតិបត្តិធម៌
- ពន្លឺអាស៊ីទ្វីប (ប្រែ)
- បញ្ញាសជាតកសង្ខេប ភាគ ១-២។ 


រៀបចំអត្ថបទថ្ងៃ ២២ វិច្ឆិកា ២០១២

No comments:

Post a Comment